កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / សុខភាព / Author : Veng Thavong
«ចាប់ពីពេលនេះទៅ បុគ្គលណាដែលមិនគោរពបទដ្ឋានវិជ្ជាជីវៈនឹងត្រូវទទួលពិន័យ»។ នេះជាសារាចរណែនាំទៅដល់ឱសថការីទាំងអស់នៅទូទាំងប្រទេសឱ្យគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ចេញដោយក្រសួងសុខាភិបាលកាលពីខែមុន ក្នុងឱកាសប្រជុំឱសថការីកម្ពុជាដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ និងដែលមានអ្នកចូលរួមប្រមាណមួយពាន់នាក់។
តាមរយៈឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ក្រសួងសុខាភិបាលបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងក្រើនរម្លឹកដល់ឱសថការីទាំងអស់ពីក្របខ័ណ្ឌច្បាប់ស្តីពីការបើកឱសថស្ថាន និងការធ្វើអាជីវកម្មថ្នាំពេទ្យ។
ជាអកុសល ការធ្វើអាជីវកម្មថ្នាំពេទ្យដែលគ្មានការអនុញ្ញាតឱ្យដាក់លក់លើទីផ្សារពីក្រសួង ឬថ្នាំដែលគ្មានស្លាកយីហោ គ្មានក្រដាសណែនាំ គ្មានបញ្ជាក់ថ្ងៃផុតកំណត់ លក់បន្តទៅឱ្យអាជីវករលក់រាយដោយគ្មានវេជ្ជបញ្ជា។ល។ និង។ល។ ការមិនគោរពបទប្បញ្ញត្តិដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកជំងឺ ឧស្សាហ៍កើតឡើងណាស់នៅតាមឱសថស្ថាន។
តើការគម្រាមដកហូតអាជ្ញាប័ណ្ណតែម្យ៉ាងគ្រប់គ្រាន់អាចបញ្ចប់ទង្វើខុសច្បាប់ និងទង្វើដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈបានដែរឬទេ? លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង គិតថាមិនអាចទៅរួចទេ។ លោកឧកញ៉ាឱសថបណ្ឌិតវិភាគយ៉ាងដូច្នេះ៖ «បញ្ហាពិតប្រាកដនៅត្រង់ថា អ្នកបើកអាជីវកម្មលក់ថ្នាំមានចំនួនច្រើនជ្រុល។ និស្សិតផ្នែកឱសថសាស្រ្តដ៏ច្រើនលើសលប់បានបើកឱសថស្ថានក្រោយពីទទួលបានសញ្ញាបត្រ។ តែថាឱសថស្ថានទាំងនោះមិនមែនសុទ្ធតែអាចទទួលបានជោគជ័យទាំងអស់ទេ។ ដូច្នេះ ដោយសារតែមានការប្រកួតប្រជែងគ្នាខ្លាំង អ្វីៗក៏គេអាចធ្វើបានដែរ»។
ដោយវាយតម្លៃថា «វិធានការនេះនៅស្រាលនៅឡើយ» លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង សង្ឃឹមថា ក្រសួងគួរតែចាត់វិធានការជាមុន ក្នុងសង្វាក់ចែកចាយឱសថនៅលើទីផ្សារ៕